ហេតុ​អី​​ប៉េ​កាំ​ង​ដាក់​ពង្រាយ​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​​នៅ​សមុទ្រ​ចិន​ខាងត្បូង?

0
556

ដោយ ៖ ខាន់ សុខឃន

ថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០១៧ ម៉ោង ១៥:២៦   (21-05-2017 15:26)

ខណៈដែលបណ្តាសារព័ត៌មានសហរដ្ឋអាេមរិក និងអង់គ្លេសចេញការប្រកាសអាសន្នពីរបស់ហៅ ថា យោធូបនីយកម្មរបស់ចិននៅបណ្តាកោះមានជម្លោះនៅសមុទ្រចិនខាងត្បូង អ្នកជំនាញការយោធារុស្ស៊ីមួយរូបអះអាងថា នេះជាវិធានការសមហេតុផលមួយខាងកិច្ចការពាររបស់ចិន ។

កាលពីថ្ងៃទី១៦ ឧសភា កន្លងមកនេះ ទីភ្នាក់ងារព័ត៌មានអង់គ្លេសរ៉យទ័រ REUTERS បានចេញផ្សាយអត្ថបទមួយស្តីពីការដាក់ពង្រាយប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតទំហំធំរបស់ចិននៅតំបន់ថ្មប៉ប្រះទឹកមួយនៃសមុទ្រចិនខាងត្បូងនាំឱ្យមានការបារម្ភលើការធ្វើយោធូបនីយកម្មរបស់ចិននៅទីនោះ ។

ចំណែកកាសែតអាមេរិក DEFENSE TIMES វិញរាយការណ៍នាថ្ងៃទី១៨ ឧសភា ថា ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតធុន NORINCO CS/AR-1,55 មីល្លីម៉ែត្រ ជាប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតប្រឆាំងពួកអ្នកមុជទឹករបស់ពួកសត្រូវដាក់ពង្រាយលើតំបន់ថ្មប៉ប្រះទឹក FIERY CROSS ក្នុងតំបន់ប្រជុំកោះស្ប្រាតលី ។

ចំពោះរឿងនេះ លោកវ៉ាស់ស៊ីលីអីុ កាស៊ីន អ្នកជំនាញការយោធារុស្ស៊ីមួយរូបអះអាងប្រាប់ SPUTNIK ថា ទោះបីមានការចាប់អារម្មណ៍របស់បណ្តាសារព័ត៌មានជុំវិញរបាយការណ៍នេះក្តី តែវាគ្មានអ្វីថ្មីឡើយ ។ លោកថា អាវុធនេះធ្លាប់និយាយជាលើកដំបូងក្នុងសេចក្តីរាយការណ៍មួយរបស់បណ្តាសារព័ត៌មានចិនតាំងពីឆ្នាំ២០១៣មកម្ល៉េះ ។ ប្រព័ន្ធអាវុធដែលគេឃើញនេះជាប្រព័ន្ធដែលគេស្គាល់ច្បាស់ថា ជាប្រព័ន្ធរ៉ុកក្កែតប្រឆាំងអ្នកធ្វើវិច្ឆេទកម្មធុន DP-65 ផលិតនៅរុស្ស៊ី ។ ក៏ប៉ុន្តែអ្នកជំនាញការយោធារុស្ស៊ីរូបនេះវាយតម្លៃថា ចិនអាចផលិតប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតដូចអាវុធ DP-65 របស់រុស្ស៊ី ។ លោកថា អាវុធ DP-65 អាចចាប់ឃើញគោលដៅក្នុងទឹកសមុទ្រ ហើយអាចវាយប្រហារគោលដៅទាំងនេះ ។

លោកវ៉ាស់ស៊ីលីអីុ កាស៊ីន ជឿជាក់ថា ការដាក់ពង្រាយប្រព័ន្ធការពារបាញ់គ្រាប់រ៉ុក្កែត NORINCO CS/AR-1,55 មីល្លីម៉ែត្រ ប្រឆាំងពួកអ្នកមុជទឹកប្រយុទ្ធនៅលើបណ្តាកោះសិប្បនិមិត្តរបស់ចិនក្នុងសមុទ្រចិនខាងត្បូងជាវិធានការសមហេតុផលពីគិតពីទស្សនៈយោធា ។ ប្រព័ន្ធរ៉ុក្កែតប្រភេទនេះអាចធានាដល់កិច្ចការពារបណ្តាកោះរបស់ចិនបង្កើតឡើងនៅប្រជុំកោះស្ប្រាតលី ដែលសភាពការណ៍នៅសមុទ្រចិនខាងត្បូងកំពុងតានតឹង ។

ទោះបីជារ៉យទ័រនិយាយថា ការដាក់ពង្រាយប្រព័ន្ធការពារបាញ់គ្រាប់រ៉ុក្កែតនៅលើតំបន់ថ្មប៉ប្រះទឹក FIERY CROSS សំដៅជាពិសេសវាយរុញច្រានបណ្តាអន្តរាគមន៍យោធារបស់វៀតណាម តែអ្នកជំនាញការយោធារុស្ស៊ីរូបនេះនិយាយថា ហេតុផលពិតប្រាកដគឺសម្រាប់់ទប់ទល់នឹងកងកម្លាំងពិសេសអាមេរិក US NAVY SEA ទៅវិញទេ ។

លោកវ៉ាស់ស៊ីលីអីុ ធ្វើការសន្និដ្ឋានថា បើនិយាយពីប្រព័ន្ធ DP-65 របស់រុស្ស៊ី និងប្រព័ន្ធដូចគ្នានេះដែលចិនផលិតដោយខ្លួនឯង ការដាក់ពង្រាយប្រព័ន្ធនេះចាត់ទុកជាវិធានការការពារធម្មតា ពុំអាចផ្លាស់ប្តូរតុល្យភាពកម្លាំងនៅសមុទ្រចិនខាងត្បូងឡើយ ។ ដូច្នេះការដាក់ពង្រាយនេះពុំអាចចាត់ទុកថា ជាដំណាក់កាលឆ្ពោះទៅរកការធ្វើយោធូបនីយកម្មក្នុងតំបន់នេះឡើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here