សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទទួល​សព និង​គោរព​វិញ្ញាណក្ខន្ធ​ទាហាន​មួក​ខៀវ​កម្ពុជា

0
391

ដោយ ៖ សហការី

ថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០១៧ ម៉ោង ២៣:២៦   (21-05-2017 23:26)

រាជធានីភ្នំពេញ ៖ នៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅទទួលសពទាហានមួកខៀវកម្ពុជាចំនួន៤ រូប ដែលត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសអាហ្វ្រិកកណ្តាលនៅថ្ងៃនេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ក្រោយពីពិធីសាសនា និងពិធីទទួលសពជាផ្លូវការដោយប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាហើយ សពវីរៈទាហានមួកខៀវកម្ពុជាទាំង៤រូប ត្រូវបានរៀបចំដឹកទៅកាន់លំនៅឋានរបស់សពរៀងៗខ្លួន ដែលស្ថិតនៅរាជធានីភ្នំពេញ (១) ខេត្តពោធិ៍សាត់(១) ខេត្តសៀមរាប(១) និងខេត្តស្វាយរៀង(១)។ ពិធីដង្ហែរសពនេះគឺអមដោយកម្លាំងអាវុធហត្ថជាច្រើននាក់ និងកម្លាំងនគរបាលឈរយាម តាមផ្លូវបណ្ដាក់គ្នាផងដែរ។
នៅក្នុងពិធីទទួលសពយប់នេះ គឺមានការរៀបចំជាក្បូនត្រែទ័ព ដោយក្រសួងការពារជាតិ ដើម្បីផ្តល់ កិត្តិយសទទួលឲ្យសក្តិសមទៅនឹងការលះបង់ដ៏អង់អាចក្លាហានរបស់កងទ័ពយើងក្នុងបុព្វហេតុជាតិមាតុភូមិ និងបុព្វហេតុថែរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិនៅក្នុងប្រទេសដែលកំពុងមាន សង្គ្រាម។ មុននឹងអញ្ជើញទទួល និងគោរពវិញ្ញាណក្ខន្ធដល់សពវីរទាហានទាំង៤រូប សម្តេតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយគ្រួសារសព និងបានសម្ដែងនូវក្តីសោកស្តាយយ៉ាងខ្លាំងចំពោះការ បាត់បង់វីរទាហានដ៏ឆ្នើមរបស់កម្ពុជា។
សូមបញ្ជាក់ថា ទាហានមួកខៀវកម្ពុជា៤រូបគឺបានពលីជីវិតនៅប្រទេសអាហ្រិ្វកកណ្តាល ក្នុងពេលបំពេញបេសកជាមួយអង្គការសហប្រជាជាតិ (UN) កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ ក្នុងនោះរួមមាន ១-ពលបាលឯក (ឋានន្តរស័ក្តពិតប្រាកដ អនុសេនីយ៍ទោ) អ៊ឹម សំ បុគ្គលិកបើកបរ ប៊ុលដូស៊ែរ, ២-អនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព, ៣-ពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអេស្ការវ៉ាទ័រ និង ៤-អនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យ។ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ និងសូមវិញ្ញាណក្ខន្តនៃសពបានចាប់បដិសន្ធិ នៅឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here