ព្រាប សុវត្ថិ និង​ឱ​ក សុគន្ធ​កញ្ញា សម្តែង​រួម​គ្នា​លើក​ដំបូង

0
354

ដោយ ៖ ខាត់ សាមឿន

ថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០១៧ ម៉ោង ១៧:១៤   (21-05-2017 17:14)

រាជធានីភ្នំពេញ ៖ តារាចម្រៀងលំដាប់ជួរមុខរបស់ផលិតកម្មហង្សមាស គឺលោកព្រាប សុវត្ថិ និងកញ្ញាឱក សុគន្ធកញ្ញា ត្រូវមានការទម្លាយឱ្យដឹងកាលពីពេលថ្មីៗកន្លងមកថា ទទួលបានតំណែងជាតួឯករួមគ្នាក្នុងភាពយន្តភាគថ្មីមួយរបស់ទូរទស្សន៍ហង្សមាស។ ទោះជាយ៉ាងណាក្តី ចំណងជើងភាពយន្តថ្មីនោះមិនត្រូវគេបញ្ជាក់ទេ ប៉ុន្តែដឹកនាំសម្តែងដោយផលិតករជើងចាស់លោកហ្វៃ សំអាង ។

នៅមិនទាន់ស្វែងរកការបញ្ជាក់ពីតារាចម្រៀងលោកព្រាប សុវត្ថិ និងកញ្ញាឱក សុគន្ធកញ្ញា បាននៅឡើយទេទាក់ទិនការសម្តែងភាពយន្តរួមគ្នានោះ ។

សិល្បករដែលចូលរួមសម្តែងក្នុងរឿងនោះលើកឡើងថា ផលិតកម្មហង្សមាសបានដាក់កំពូលតារាចម្រៀងប្រចាំផលិតកម្មរបស់ខ្លួនសម្តែងជាតួឯករឿងភាគថ្មី ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជន ។ ភាពយន្តនោះលាក់លៀមមិនឲ្យបញ្ចេញព័ត៌មានទេ សូម្បីតែការថតរូបបង្ហោះក៏ហាមឃាត់ដែរសម្រាប់តារាសម្តែង ។ ព្រោះតែជាលក្ខខណ្ឌរបស់ផលិតកម្ម ដែលលើកឡើងថា រក្សាការណ៍សម្ងាត់ និងចង់ឲ្យរឿងនេះចាប់ផ្តើមកក្រើក្រនៅពេលចេញផ្សព្វផ្សាយវីដេអូខ្លីឃោសនាវិញ ។

ប្រភពដដែលលើកឡើងថា ភាពយន្តភាគថ្មីនេះជារឿងបែបមនោសញ្ចេតនា និងមានឈុតឆាកជាច្រើនថតនៅភ្នំពេញ និងខេត្តមួយចំនួន។ ភាពយន្តនេះថតបានប្រមាណជិត៥០ភាគរយ ហើយគ្រោងបញ្ចប់ការថតក្នុងពេលឆាប់ៗខាងមុខ ។ តាមការប៉ាន់ស្មាន ភាពយន្តដែលសម្តែងដោយតារាចម្រៀងព្រាប សុវត្ថិ និងឱក សុគន្ធកញ្ញានោះនឹងចាក់បញ្ចាំងក្នុងអំឡុងចុងឆ្នាំ២០១៧នេះ ។

តារាចម្រៀងលោកព្រាប សុវត្ថិ ធ្លាប់សម្តែងភាពយន្តមួយចំនួនរួចមកហើយដូចជារឿង «នេសាទក្រពើ» និងរឿង «ធ្លាប់ស្រឡាញ់ខ្ញុំទេ»  ជាដើម ។ ចំណែកតារាចម្រៀងឱក សុគន្ធ មិនធ្លាប់ចូលរួមសម្តែងភាពយន្តទេ ចាប់តាំងពីនាងប្រឡូកអាជីពសិល្បៈមក ។

មួយរយៈចុងក្រោយនេះបណ្តាស្ថានីយទូរទស្សន៍នានាខិតខំផលិតខ្សែភាពយន្តចាក់ផ្សាយជាបន្តបន្ទាប់ ។ ចំពោះទូរទស្សន៍ហង្សមាសទើបតែចាប់ផ្តើមផលិតរឿងដំបូងរបស់ខ្លួន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here