ការ​លក់​រថយន្ដ​ថ្មី​ពិបាក​ប្រកួតប្រជែង​ជាមួយ​រថយន្ដ​ជជុះ

0
650

ដោយ ៖ គង់ ម៉ាលីញ

ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧ ម៉ោង ១៦:៥៥   (18-05-2017 16:55)

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនលក់រថយន្តថ្មីៗបានអះអាងថា ការលក់រថយន្តនៅតែមានកំណើនល្អប្រសើរ បើទោះជាមានការប្រកួតប្រជែងក្នុងទីផ្សារនេះកំពុងកើនឡើងក្តី ។ ទោះបីយ៉ាងណា បញ្ហាប្រឈមនៃការលក់រថយន្ដថ្មី គឺដោយសារទីផ្សាររថយន្ដជជុះកំពុងវាយលុកខ្លាំង ។

លោក សេង វឹង អគ្គនាយកទទួលបន្ទុកផ្នែករថយន្តនៃក្រុមហ៊ុន RMA ដែលនាំចូលរថយន្តម៉ាក Ford មកកាន់ទីផ្សារកម្ពុជា បានថ្លែងនាព្រឹកថ្ងៃទី១៨ ឧសភានេះថា ការលក់រថយន្តក្នុងរយៈពេល៤ខែដើមឆ្នាំនេះ សម្រេចបានកំណើនជាង២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ លោកបន្តថា ៖ « កំណើននៃការលក់នេះ ដោយសារកម្លាំងទិញបានកើនឡើង ប្រជាពលរដ្ឋកាន់តែយល់ដឹងជាងមុនទាក់ទងនឹងការប្រើប្រាស់រថយន្តថ្មី និងលក្ខខណ្ឌទទួលបានប្រាក់ពីសេវាកម្ម កម្ចីនានាកាន់តែមានភាពងាយស្រួល » ។ លោកបន្ថែមថា រថយន្តថ្មីដែលចរាចរណ៍លើថ្នល់នៅរាជធានីភ្នំពេញ មានចន្លោះពី១០ទៅ១៤%ជារថយន្តថ្មី និងបានកើនឡើង១%ជារៀងរាល់ឆ្នាំ ខណៈទីផ្សាររថយន្តលក់ដាច់ជាងគេ ជាប្រភេទរថយន្ត Pick Up និងរថយន្តតូចដែលពេញនិយម និងមានតម្លៃចាប់ពីជាង២ម៉ឺន ដល់ជាង១៥ម៉ឺនដុល្លារអាមេរិក ។

លោក ភីតធឺ ប្រុងហ្គឺ (Peter Brongers) អគ្គនាយកក្រុមហ៊ុនព្រីមៀម អូតូ អ៊ីមផត ជាក្រុមហ៊ុននាំចូល និងចែកចាយរថយន្ត និងគ្រឿងបន្លាស់ម៉ាក BMW និង MINI បានបញ្ជាក់ថា មកទល់នឹងបច្ចុប្បន្ននេះ ការប្រកួតប្រជែងរវាងរថយន្តថ្មីនិងថ្មី គ្មានបញ្ហាទេ ដោយសារចំពោះមុខ រថយន្តម៉ាក BMW បាននាំមុខគេហើយ បើប្រៀបធៀបនឹងរថយន្តស៊េរីទំនើប ប៉ុន្តែអ្វីដែលជាការប្រកួតប្រជែងខ្លាំង និងលំបាក គឺជាមួយរថយន្តជជុះ ព្រោះថា រថយន្តជជុះនាំចូលខ្លះមិនបានបង់ពន្ធគ្រប់គ្រាន់ និងត្រឹមត្រូវតាមក្បួនខ្នាតដូចរថយន្តថ្មីទេ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here